ឱសានវាទកំណត់ឲ្យបង់ពន្ធយានយន្តបានផុតកំណត់ហើយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ តែមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដា លើកឡើងថានៅមានយានយន្តមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវនេះនៅឡើយ តែថាអ្នកទាំងនោះនៅតែអាចបន្តទៅបង់ពន្ធបាន។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា ឯកឧត្តម គង់ វិបុល ថ្លែងក្នុងកម្មវិធីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិកាលពីយប់មិញថាយានយន្តដែលជាប់កាតព្វកិច្ចបង់ពន្ធមានចំនួនជាង៥២ម៉ឺនគ្រឿង។ ទោះយ៉ាងណាឯកឧត្តមថាត្រឹមថ្ងៃផុតកំណត់នេះមានយានយន្តចំនួន៤៨២ ០៣៨គ្រឿងបានចូលមកបំពេញកាតព្វកិច្ចនេះ។
សម្រាប់អ្នកមិនទាន់បានបង់ពន្ធនេះ ឯកឧត្តមមានប្រសាសន៍ថានៅតែអាចទៅបង់ពន្ធនៅតាមធនាគារអេស៊ីលីដា ឬធនាគារវឌ្ឍនៈ ជាដើម ឬក៏ទៅសាខាពន្ធដាដើម្បីបន្តបង់ពន្ធនេះបានដដែល។ ប៉ុន្តែការទៅបង់ពន្ធនេះនឹងត្រូវរងការពិន័យដោយគុណនឹងពីរនៃតម្លៃបង់ពន្ធដើមរបស់យានយន្តអ្នកប្រើប្រាស់។
ឯកឧត្តមបន្តថាៈ «ដូចឆ្នាំមុនៗអ៊ីចឹង យើងអនុវត្តច្បាប់ជាធរមាន...ឧទាហរណ៍ថារថយន្តមួយគ្រឿងទំនើបLexus ឆ្នាំ២០១៧-២០១៨ គាត់ត្រូវបង់ពន្ធចំនួនពីរលានរៀល ហើយគាត់ត្រូវគុណនឹងពីរ ត្រូវបង់បួនលានរៀល យើងខ្ញុំនៅតែទទួលអ៊ីចឹង អ្នកបង់ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ហ្នឹងទៅត្រូវបង់ពិន័យ»។
ឯកឧត្តមបន្តទៀតថាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខាងពន្ធដានឹងសហការជាមួយកងកម្លាំងនគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធដើម្បីចុះត្រួតពិនិត្យរថយន្តដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវនេះ និងធ្វើការផាកពិន័យតែម្តង៕
អត្ថបទ៖ ទូច សុខា
0 comments:
Post a Comment