ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក គី វីរិន្ទ ប្រធានមន្ទីរសកដជ.សរ បានចុះជួបសំណេះសំណាលជាមួយមន្ដ្រីការិយាល័យដឹកជញ្ជូនផ្លូវគោក និងការិយាល័យចុះបញ្ជីយានយន្ដ នៃមន្ទីរសកដ.សរ រួមនិងតំណាងសាលាបង្រៀនបើកបរយានយន្ដក្នុងខេត្ដទាំងអស់ផងដែរ ។
ពិធីជួបសំណេះសំណាលធ្វើឡើងក្នុងគោលបំណង បង្កើនភាពជិតស្និតរវាងថ្នាក់ដឹកនាំជាមួយមន្ដ្រីក្រោមឱវាទ និងតំណាងសាលាបង្រៀនបើកបរយានយន្ដក្នុងខេត្ដ ក៏ដូចជាទទួលបានព័ត៌មានអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមផ្សេងៗដែលមន្ដ្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកំពុងជួបប្រទះ និងដើម្បីជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំមានមូលដ្ឋានក្នុងការរកដំណោះស្រាយផងដែរ ក្នុងន័យធ្វើអោយប្រសើរឡើងនូវការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធាន ក៏បានក្រើនរំលឹងដល់មន្ដ្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផ្ទាល់ ត្រូវប្រកាន់ភ្ជាប់នូវអនុសាសន៍ណែនាំ ១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា(ជាតិជាមន្ដ្រីល្អ) រួមនឹងសេចក្ដីណែនាំទាំង៧ចំនុច របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញកន្លងមកថ្មីៗនេះ ។ នៅសាលប្រជុំការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសកដ.សរ។