មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, August 14, 2017

តិចនិក​ ៥​យ៉ាង​ ទន្ទេញ​មេរៀន​ឲ្យ​ចាំ​ក្នុង​រយៈ​ពេល​ខ្លី....

ជាមួយ​នឹង​ការ​ឈាន​ចូល​មក​ដល់​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សិស្ស​ភាគ​ច្រើន​កំពុង​មមាញឹក​ក្នុង​ការ​ធ្វើ​លំហាត់​ក៏​ដូច​ជា​ការ​ទន្ទេញ​មេរៀន​យ៉ាង​ខ្ជាប់​ខ្ជួន​ផង​ដែរ។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ជួយ​ដល់​ដំណើរ​ការ​នៃ​ការ​ទន្ទេញ​នេះ វិធី​សាស្ត្រ​ ៥​យ៉ាង ប្រិយ​មិត្ត​ជា​ពិសេស​សម្រាប់​អ្នក​ត្រៀម​ប្រឡង​ថ្នាក់​ទី ១២ គួរ​ពិចារណា​អនុវត្ត៖
១.រៀប​ចំ​កន្លែង​រៀន​ឲ្យ​មាន​សណ្ដាប់ធ្នាប់​៖ មុន​នឹង​ឈាន​ដល់​ការ​ទន្ទេញ​មេរៀន ច្បាស់​ណាស់​អ្នក​ត្រូវ​តែ​រៀប​ចំ​កន្លែង​សិក្សា​របស់​អ្នក​ឲ្យ​មាន​របៀប​រៀប​រយ​ ដើម្បី​ឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​សៀវភៅ​ ឬ​ឯកសារ​មក​មើល ក៏​ដូច​ជា​បង្ក​បរិយាកាស​ឲ្យ​អ្នក​មាន​ទឹក​ចិត្ត​ចង់​មើល​មេរៀន​ផង​ដែរ ព្រោះ​តុ​សិក្សា​មិន​រញ៉េរញ៉ៃ។ បើ​មិន​រៀប​ចំ​ឲ្យ​ត្រឹម​ត្រូវ​ទេ វា​អាច​បង្អាក់​ដល់​ដំណើរ​ការ​ទន្ទេញ​មេរៀន​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ចាំ​មេរៀ។

២.រៀប​កាល​វិភាគ​ឲ្យ​បាន​ច្បាស់​លាស់៖ អ្នក​ត្រូវ​រៀប​ផែន​ការ​ថា ម៉ោង​ណា​អ្នក​ត្រូវ​ទន្ទេញ​ចំណុច​អី ម៉ោង​ណា​អ្នក​ត្រូវ​មើល​មេរៀន​អី ម៉ោង​ណា​អ្នក​ត្រូវ​មើល​មុខ​វិជ្ជា​អី ព្រម​ទាំង​ម៉ោង​ណា​អ្នក​ត្រូវ​សម្រាក ហើយ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​អ្វី​ដែល​ខ្លួន​បាន​កំណត់។ ធ្វើ​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក​មាន​ខ្ពស់​ជាង​មុន និង​បង្ការ​ភាព​តាង​តឹង​ផ្នែក​ផ្លូវ​អារម្មណ៍​ផង​ដែរ ព្រោះ​អ្នក​ដឹង​ច្បាស់​ថា​ពេល​ណា​សម្រាក ពេល​ណា​ទន្ទេញ​មេរៀន។



៣.កុំ​មើល​មេរៀន​តែ​មួយ​មុខ​វិជ្ជា៖ ការ​មើល​មេរៀន​តែ​មួយ​មុខ​ៗ ធ្វើ​ឲ្យ​អ្នក​ឆាប់​ធុញ​ទៅ​នឹង​ការ​ទន្ទេញ​មេរៀន​របស់​អ្នក ដែល​ជា​ប្រការ​មិន​ល្អ​ឡើយ។ ដូច្នេះ​គួរ​តែ​រាយ​មុខ​វិជ្ជា ក៏​ដូច​ជា​មេរៀន​ត្រូវ​ទន្ទេញ​ឲ្យ​បាន​ច្រើន រួច​កំណត់​​ថា ម៉ោង​ណា​មើល​ត្រឹម​ចំណុច​អី ដើម្បី​បង្ការ​ការ​ដាក់​សម្ពាធ​លើ​ខ្លួន​អ្នក​ផង ក៏​ដូច​ជា​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការ​ទន្ទេញ​មេរៀន​ផង។
៤.សរសេរ​កត់​ចំណាំ​លើ​ក្រដាស៖ ការ​សរសេរ​សង្ខេប​មេរៀន​តាម​អ្វី​ដែល​អ្នក​យល់​គឺ​ជា​វិធី​ដ៏​ល្អ ដែល​អ្នក​គួរ​ធ្វើ។ ពេល​ដែល​អ្នក​ធ្វើ​ការ​ទន្ទេញ អ្នក​សួរ​ខ្លួន​ឯង​ថា​យល់​អី​ខ្លះ​ពី​ការ​ទន្ទេញ​នេះ ហើយ​សរសេរ​ចូល​ដោយ​សង្ខេប​លើ​ក្រដាស ឬ​សៀវភៅ​ណា​មួយ ដើម្បី​ឲ្យ​ចាំ​មេរៀន​ផង ក៏​ដូច​ជា​អាច​មក​មើល​ក្រដាស​ដែល​អ្នក​កត់​ហ្នឹង​ទុក​មើល​នា​ពេល​ក្រោយ​បាន​ទៀត​ផង ដើម្បី​ធ្វើ​ការ​ទន្ទេញ​ឬ​មើល​ឡើង​វិញ​បន្ថែម។


៥.អាន​ឮ​ៗ៖ បន្ទាប់​ពី​សរសេរ​សង្ខេប​ពី​ចំណុច​ដែល​អ្នក​យល់​ពី​មេរៀន​ហើយ​ អ្នក​គួរ​រក​កន្លែង​ណា​មួយ​ដែល​ស្ងប់​ស្ងាត់ ដើម្បី​ធ្វើ​ការ​ទន្ទេញ​ឮៗ ព្រោះ​ធ្វើ​បែប​នេះ​ អ្នក​ប្រើ​ពេល​ខ្លី ហើយ​ចាំ​បាន​យូរ​ទៀត​ផង ដោយ​សារ​ក្នុង​អំឡុង​ពេល​អាន​ឮៗ​ អារម្មណ៍​របស់​អ្នក​ផ្ដោត​ទៅ​លើ​មេរៀន​ច្រើន​ជាង​ពេល​អ្នក​អាន​ក្នុង​ចិត្ត។
បន្ថែម​ពី​លើ​នេះ អ្នក​គួរ​តែ​ឆ្លៀត​ប្រើ​ពេល​ខ្លះ ក្នុង​ការ​ផឹក​ទឹក ក៏​ដូច​ជា​ហាត់​ប្រាណ ព្រម​ទាំង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ដំណើរ​ការ​ស្រួល ដែល​ធ្វើ​ឲ្យ​ចាំ​មេរៀន​ដែល​អ្នក​ខំ​ទន្ទេញ​បាន​យូរ៕

ប្រភព៖ Independent | indiatoday | Daniel Wong ប្រែសម្រួល៖ ហ៊ីម រស្មី

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More