ផ្លូវក្រវាត់ក្រុងទី ២ កំណាត់ទី២ ដែលតភ្ជាប់ពីផ្លូវសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ទៅដល់ត្រង់ព្រែកសំរោង ចាប់ផ្ដើមដំណើរការសាងសង់ហើយ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះ នឹងភ្ជាប់ត្រង់ស្ពានអាកាសស្តុបផ្សារដីហុយផ្លូវលេខ ១០១៩ កាត់តាមផ្លូវណ័រប្រ៊ីត ផ្លូវទ្រុងមាន់ ផ្លូវមុខរោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ទំនប់៧មករា ផ្លូវជាតិលេខ២ ភ្ជាប់មកដល់ស្ពានព្រែកសំរោងតាខ្មៅ។ ផ្លូវក្រវាត់ក្រុងទី ២ កំណាត់ទី២ នេះគ្រោងចំណាយថវិកាប្រមាណ ៦២លានដុល្លារ និងត្រូវចំណាយពេលសាងសង់រយៈពេល ៣៦ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩ខាងមុខ។
បើតាមប្រសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី២ កំណាត់ទី១ និងកំណាត់ទី២ មានប្រវែងសរុបជាង ២៧គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ៧២លានដុល្លារ ក្នុងនោះកំណាត់ទី១ ចំណាយអស់ ១០លានដុល្លារ និងកំណាត់ទី២ ៦២លានដុល្លារ។ ចំពោះផ្លូវក្រវាត់ក្រុងទី ២ កំណាត់ទី ១ ពីមហាវិថីភ្នំពេញហាណូយប្រវែង ១០គីឡូម៉ែត្រ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយការពី ខែមីនា កន្លងទៅនេះ។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងនេះ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា កាន់តែរីកចម្រើន តាមរយៈការជួយសម្រួលដល់ការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ ទាក់ទាញអ្នកវិនិយោគ ការនាំចេញនាំចូលជាដើម៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
0 comments:
Post a Comment