មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, July 13, 2017

ថ្មី​បំផុត! ប្រជាជន​កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក ​ទៅ​កាន់​​២៧​ប្រទេស

ឆាប់ៗ ​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​ផ្លូវ​ដែក​តភ្ជាប់​ទៅ​កាន់ ២៧​ប្រទេស ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​អាច​ជិះ​រថភ្លើង​ទៅ​កាន់​ប្រទេស​ទាំង​នោះ​ទៀត​ផង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​​ពី​ ឯកឧត្ដម លី បូរិន អនុ​រដ្ឋ​លេខាធិការ​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន ​ទទួល​បន្ទុក​ផ្នែក​ផ្លូវ​ដែក បាន​ផ្ដល់​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ Sabay​ កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​។



នៅ​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​នោះ ឯកឧត្ដម​​ លី បូរិន បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ដំណើរ​ការ​គម្រោង​ថ្មី ​ដែល​ហៅ​ថា SKRL(Singapore Kunming Rail Link) ​​គឺ​​នឹង​មាន​ផ្លូវ​ដែក​ចេញ​ពី សិង្ហបុរី មក​កម្ពុជា ក្នុង​នោះ​ត្រូវ​ឆ្លង​កាត់​ប្រទេស​​ម៉ាឡេស៊ី ភ្ជាប់​ទៅ​កាន់​ប្រទេស​ថៃ បន្ទាប់​​មក​ទៀត​ នឹង​​ភ្ជាប់​មក​កាន់​កម្ពុជា ​ហើយ​បន្ត​​ភ្ជាប់​ទៅ​វៀតណាម ​និង​ភ្ជាប់​ទៅ​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​នេះ​វៀតណាម បាន​ភ្ជាប់​ទៅ​កាន់​ប្រទេស​ចិន​រួច​រាល់​​ហើយ។


អនុ​រដ្ឋ​លេខាធិការ​ក្រសួង សាធារណការ ​បាន​បន្ត​ទៀត​ថា ​ចំពោះ​គម្រោង​តភ្ជាប់​ផ្លូវ​ដែក​ក្នុង​តំបន់​អាស៊ាន​នេះ ប្រទេស​​វៀតណាម​ត្រូវ​សាងសង់​ ​១៣០​គីឡូ​ម៉ែត្រ​ទៀត​។ ​ចំណែក​កម្ពុជា​ត្រូវ​សាងសង់​​ប្រវែង ២៥៧​គីឡូម៉ែត្រ​។ ​ប្រសិន​កម្ពុជា និង​វៀតណាម​ សាងសង់​រួច​រាល់​នោះ រទេះ​ភ្លើង​អាច​រត់​ទៅ​ដល់​គុនមីង​ នៃ​ប្រទេស​ចិន​តែ​ម្ដង​។


មក​ដល់​ចំណុច​នេះ​ឯកឧត្ដម មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ ​​​"ហើយ​កាល​បើ​បាន​ភ្ជាប់​ចិន​ហើយ ចិន​នឹង​ភ្ជាប់​ទៅ​អឺរ៉ុប ​បច្ចុប្បន្ន​នេះ​ភ្ជាប់​បាន​មួយ​ចំនួន​ហើយ​ ហើយ​នឹង​ត្រូវ​​ភ្ជាប់​ទៅ​ដល់​ប្រទេស​ទួរគី​។ ​ ​ឥឡូវ​នេះ​នៅ​សល់​តែ​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ប្រសិន​បើ​ពីរ​ប្រទេស​នេះ ​ភ្ជាប់​គ្នា​បាន​​ នោះ​មាន​ន័យ​ថា​ផ្លូវ​ដែក​អាច​រត់​បាន​ចំនួន​២៧​ប្រទេស​ហើយ​"។ ​បើ​សិន​ជា​តភ្ជាប់​បាន​គ្រប់​ប្រទេស​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​រហូត​ទៅ​ដល់​ជាង ៥០០០​គីឡូ​ម៉ែត្រ​។
​ឯកឧត្ដម​​ លី បូរិន បាន​ឱ្យ​ដឹង​ទៀត​ថា ​កម្ពុជា​ត្រូវ​សាងសង់​ផ្លូវ​ដែក​​ប្រវែង ២៥៧​គីឡូម៉ែត្រ​ ហើយ​គម្រោង​នេះ ក៏​បាន​​សិក្សា ចំនួន ៤​ដង​រួច​មក​​ហើយ ក្នុង​នោះ​លើក​ទី​១​ ដោយ​ជំនួយ​ឥត​សំណង​របស់​ចិន និង​បន្ទាប់​មក​ទៀត​គឺ​ក្រុមហ៊ុន KOICA ប្រទេស​កូរ៉េ ។ ​ចំពោះ​ឯកសារ​​គឺ​មាន​គ្រប់គ្រាន់​អស់​ហើយ គឺ​នៅ​តែ​រង់ចាំ​ថវិកា​តែ​ប៉ុណ្ណោះ​​។ ឯកឧត្ដម បញ្ជាក់​ថា ​ផ្លូវ​នេះ​ចាប់​ផ្ដើម​ចេញ​ពី​បាត់ដឹង ​ចន្លោះ​ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ ​កាត់​​ទៅ​កំពង់ឆ្នាំង ​ឆ្លង​ចូល​ខេត្ត​កំពង់ចាម ​កាត់​​ខេត្ត​ត្បូងឃ្មុំ ​ ​បន្ត​ទៅ​​​ខេត្ត​ក្រចេះ ​ទើប​ទៅ​ជួប​គ្នា​ជាមួយ​ព្រំប្រទល់​វៀតណាម។
អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ ទទួលបន្ទុកផ្នែក ផ្លូវ​ដែក​កម្ពុជា​រូប​នេះ លើក​ឡើង​ទៀត​ថា ផ្លូវ​​ដែក​ដ៏​វែង​នេះ​នឹង​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ កាន់​តែ​រីក​ចម្រើន​ ​ព្រោះ​អាច​ដឹក​បាន​ច្រើន បាន​ធ្ងន់ ហើយ​តម្លៃ​ថោក មាន​ផល​ប្រយោជន៍​ដល់​ប្រជាជន កាល​ណា​​បើ​ទំនិញ​ដឹក​តម្លៃ​ថោក លក់​​ចេញ​ក៏​ថោក​ដែរ​។ ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រជាជន​អាច​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ បើ​ធៀប​ជាមួយ​យន្តហោះ។ ​ជា​ពិសេស​នោះ មិន​ត្រូវ​ការ​វីសា​នោះ​ទេ ​ត្រូវ​ការ​តែ​លិខិត​ឆ្លង​ដែន​ប៉ុណ្ណោះ ​លើក​លែង​តែ​​ចូល​ទៅ​ប្រទេស​ចិន និង​អឺរ៉ុប នោះ​នឹង​ត្រូវ​ការ​វីសា​៕
ទស្សនាវីដេអូក្នុងកិច្ចសម្ភាសន៍ពិសេសខាងក្រោម៖

ប្រភពពី៖ http://news.sabay.com.kh/topics/life


0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More