អត់ពីស្ពានជ្រោយចង្វាចាស់ តើពលរដ្ឋឆ្លងតាមណា?
- ជួសជុលរយៈពេល ២២ខែ
- ចំណាយទឹកប្រាក់ ៣០លានដុល្លារ
- ប្រជាពលរដ្ឋអាចឆ្លងតាមស្រឡាង ដោយមិនអស់លុយ
- គ្រោងសង់់ស្ពានបាឡេ
តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចេញផ្សាយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ឲ្យដឹងថា ស្ពានជ្រោយចង្វាចាស់ នឹងត្រូវបិទនៅពាក់កណ្ដាលខែ កញ្ញា ដើម្បីធ្វើការជួសជុលរយៈពេល ២២ខែ។
គម្រោងជួសជុលនឹងចំណាយថវិកាប្រមាណ៣០លានដុល្លារ ត្រូវបានអនុវត្តដោយអង្គការ JICA ដែលនឹងជួសជុលស្ពាននេះប្រវែងជាង ៧០០ម៉ែត្រ។ ដោយឡែក នៅពេលស្ពានជ្រោយចង្វាត្រូវផ្អាកធ្វើដំណើរបណ្ដោះអាសន្ន តើប្រជាពលរដ្ឋ នឹងធ្វើដំណើរតាមណា?
តាមប្រសាសន៍ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលដេញថ្លៃគម្រោង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បានថ្លែងថា ក្រសួងនឹងរៀបចំស្រឡាងចំនួនពីរឲ្យប្រជាពលរដ្ឋឆ្លង ទៅវិញទៅមក ដោយមិនយកលុយ រហូតដល់ការជួសជុលស្ពានបញ្ចប់ជាស្ថាពរ។
ម្យ៉ាងវិញទៀត អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្ដី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបាឡេមួយខ្សែ ឆ្លងកាត់ទន្លេសាបត្រង់ចំណុចឃ្លាំងស្តុកប្រេងឥន្ទនៈសូគីម៉ិច ក្នុងសង្កាត់ឬស្សីកែវ ឆ្ពោះទៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស៊ិន សាវ៉េត
0 comments:
Post a Comment