របៀបបង្កើតគណនីប្រើប្រាស់កម្មវិធី Road Care របស់ក្រសួងសាធារណការ និងដឹកជញ្ជូន.....(មានវីដេអូ)
ចាប់ពីថ្ងៃនេះតទៅអ្នកអាចថតផ្លូវខូចឬផ្លូវសំបុកមាន់ផ្ញើរទៅក្រសួងឲ្យជួសជុលជាផ្លូវការហើយ
បន្ទាប់ពីប្រកាសគម្រោងបង្កើត App តាមស្មាតហ្វូនឲ្យប្រជាប្រពលរដ្ឋឋអ្នកប្រើប្រាស់ផ្លូវចូលរួមថតរូបភាព ឬវីដេអូពីផ្លូវ ខូច ឬផ្លូវមានជង្ហុក សំបុកមាន់ ដាក់បញ្ចូលក្នុងប្រព័ន្ធនេះ សម្រាប់ឱ្យមន្រ្ដីជំនាញទទួល បាននូវព័ត៌មាន និងធ្វើការជួសជុលបានទាន់ពេលវេលា ពេលនេះក្រសួងសាធារណៈការនិងដឹកជញ្ជូន បានដាក់ App នេះឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ។
កាលពីព្រឹកថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងនៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋទាំងអស់ អាចធ្វើការរាយការណ៍ដោយផ្ទាល់ តាមរយៈកម្មវិធីថែទាំផ្លូវតាមប្រព័ន្ធMobile App ទាក់ទងនឹងស្ថានភាពផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូច ទៅកាន់ក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការជួសជុលឱ្យបានទាន់ពេលវេលា នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានជាតិ ។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថែទាំផ្លូវតាមអែបនេះ គឺកម្ពុជា ជាប្រទេសទី១នៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដែលបានប្រើប្រាស់ប្រព័ន្ធថ្មីនេះ ជាពិសេសប្រព័ន្ធ Mobile App នេះ ត្រូវបានរៀបចំដោយកូនខ្មែរ ដែលជាមន្រ្ដីក្រសួងសាធារណការ។
កម្មវិធីមួយនេះឈ្មោះថា ROAD CARE ដែលជួយធ្វើឱ្យក្រសួងសាធារណការ បានទទួលដឹងនូវព័ត៌មានទាំងអស់ ចាប់តាំងពីការបញ្ជូនព័ត៌មានមក ដឹងទាំងការជួសជុលរួច និងតាមដាន ពេលវេលា ក្នុងការបញ្ជូន និងជួសជុលឱ្យរួចចប់សព្វគ្រប់នៅគ្រប់រាជធានី ខេត្ដទាំងអស់ ដើម្បីថែទាំ ជួសជុលផ្លូវឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ស៊ុន ចាន់ថុល បានពន្យល់ថា ការប្រើប្រាស់កម្មវិធីថែទាំផ្លូវតាមប្រព័ន្ធMobile Appនេះ គឺផ្ដល់នូវអត្ថប្រយោជន៍ក្នុងការទទួលបាននូវព័ត៌មាន ពីអ្នកប្រើប្រាស់ផ្លូវ ដែលបាន ថតផ្លូវសំបុកមាន់ ផ្លូវខូច រួចផ្ញើមកក្រសួងសាធារណការ ដើម្បីក្រសួង ចាត់វិធានការជួសជុល ថែទាំផ្លូវជាបន្ទាន់ និងបានដឹងកន្លែងដែលខូចខាតផ្លូវ ហើយប្រព័ន្ធMobile Appនេះ គឺជាប្រព័ន្ធឆ្លាតវៃ ដែលអាចដឹងពីកន្លែង និងទីតាំងផ្លូវខូចពិតប្រាកដ ស្ថិតនៅក្នុងភូមិសាស្រ្ដណា ដែលនឹងត្រូវបានបង្ហាញប្រាប់ទាំងអស់។
គួរបញ្ជាក់ថា នៅពេលដែលមានអ្នកបញ្ជូននូវព័ត៌មានពីផ្លូវខូច ឬផ្លូវសំបុកមាន់ចូលក្នុងប្រព័ន្ធនេះរួចហើយ ក្រសួងនឹងចាប់ផ្ដើមធ្វើការបែងចែកការងារទៅតាម នាយកដ្ឋានជំនាញ ឬតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី ខេត្ដ បើផ្លូវនៅក្នុង រាជធានីភ្នំពេញ គឺផ្ដល់ឱ្យរាជធានីភ្នំពេញ ហើយបើផ្លូវនៅខេត្ដណាមួយ ត្រូវខេត្ដនោះទៅជួសជួលផ្លូវ ឱ្យបានទាន់ពេលវេលា។
0 comments:
Post a Comment