មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បន្តធ្វើការសម្អាតរក្សាអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវ ជាតិលេខ៦ ពី PK308-PK308+400 (ពីសណ្ឋាគារបាយ័ន្ដអេរ៉ា ទៅដល់មុខបុរីសៀងណាំ) ក្នុងក្រុងសៀមរាប ។
ព្រឹកថ្ងៃសុក្រ ៩ កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបន្ដផែនការ ១០០ថ្ងៃ របស់ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ដពិសេសឯកឧត្ដម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអ៊ុទូកបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ ម្យ៉ាងទៀតដើម្បីជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ថ្នាក់ដឹកនាំមន្ទីរសក.សរ បានបន្តធ្វើការសម្អាត តាមបណ្ដោយផ្លូវ ជាតិលេខ៦ ពី PK308-PK308+400 (ពីសណ្ឋាគារបាយ័ន្ដអេរ៉ា ទៅដល់មុខបុរីសៀងណាំ) គឺក្នុងន័យដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃសូមឱ្យមានការគិតគូរពីការទុកដាក់ វេចខ្ចប់ និងចោលសំរាម ពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខនេះ និងចូលរួមសម្អាតនៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានស្អាតជានិច្ច ដើម្បីសោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់ខ្ពស់ ។
0 comments:
Post a Comment