មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, March 27, 2018

ខេត្តសៀមរាប បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយ​តំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បី.......

ខេត្តសៀមរាប ចងសម្ព័ន្ធភាពជាមួយម៉ាកាវ ដើម្បីជំរុញកំណើន​ភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្ម​
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ខេត្តសៀមរាបបានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយ​តំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកំណើន​ភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្ម​។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោក ឆួយ ស៊ឺអាន (Chui Sai On) នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ។


ឯកឧត្តមបណ្ឌិត អភិបាលខេត្តសៀមរាប បានថ្លែងថា ​តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងជំរុញកំណើនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្មជនជាតិចិន ព្រោះម៉ាកាវជាដែនដីសម្បូរភ្ញៀវទេសចរ និងវិនិយោគិន។



ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានស្នើសុំឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ កសិកម្ម អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅបង្កើនកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោង វិនិយោគ និងការតភ្ជាប់ជើងហោះហើរត្រង់រវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ មកកាន់ខេត្តសៀមរាប។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានសម្តែងសេចក្តីរីករាយចំពោះពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា នាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។


តាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ខេត្តសៀមរាប​បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន​២៣ខេត្ត-ក្រុង។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើន ថ្មីថែមទៀត ទើបមានក្រុមហ៊ុនអាកាសចរចំនួន​១២​ក្រុមហ៊ុន បានធ្វើការហោះហើរត្រង់ពីចិនមកសៀមរាប ក្នុងចន្លោះ​១២-១៥​ជើងក្នុងមួយថ្ងៃ ទាំងនេះជំរុញ ឲ្យមានភ្ញៀវទេសចរកើនឡើងជាបន្តបន្ទាប់ ជាពិសេស​គឺភ្ញៀវទេសចរជនជាតិចិន។



ជាក់ស្តែងឆ្នាំ២០១៧កន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តសៀមរាប មានចំនួន ៥,៥៤៣,៤៣៥​នាក់ កើនឡើង៩,៩៣%​ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួន៩១០,១០៧​នាក់ ស្នើនឹង៣៧,០៣% ដោយឡែករយៈពេល២ខែ (មករា និងខែកុម្ភៈ) ក្នុងឆ្នាំ២០១៨​កន្លងទៅ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៥២,២៧៦​​នាក់ ហើយភ្ញៀវទេសចរបរទេសមានចំនួនសរុប ៥៣៩,០៥៤​នាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន ចំនួន ២៣១,៨១១​នាក់ ស្ថិតនៅចំណាត់ ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់៕
#រដ្ឋបាលខេត្តសៀមរាប


0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More