ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានយានយន្តជាង ៤លានគ្រឿង បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ក្នុងនោះរថយន្តមានជិត ១លានគ្រឿង។
របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំរវាងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការចៃការជប៉ុន ព្រមទាំងអគ្គនាយកដ្ឋានគយ និងពន្ធដារ នៅថ្ងៃទី១៨ ខែធ្នូនេះ។ កិច្ចប្រជុំនៅរាជធានីភ្នំពេញ បានត្រួតពិនិត្យលទ្ធផលនៃការដាក់ឲ្យដំណើរការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ ដែលបានអនុវត្តកាលពីចុងឆ្នាំ២០១៥។
ក្នុងកិច្ចប្រជុំ ជាលើកទី៣ នាពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងដៃគូពាក់ព័ន្ធ បានលើកឡើងថា នៅក្នុងការអនុវត្តតាមប្រប្រព័ន្ធអនឡាញនេះ បានដំណើរការមិនទាន់ល្អនៅឡើយ ដែលតម្រូវឲ្យក្រសួងសាធារណការ និងដៃគូពាក់ព័ន្ធ បានសម្រេចកែសម្រួលយន្តការផ្លូវច្បាប់ឡើងវិញ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នៅឆ្នាំ២០១៨ ក្រសួង អគ្គនាយកដ្ឋានពន្ធ និងរដ្ឋាករ ព្រមទាំងភាគីដៃគូអភិវឌ្ឍន៍ចៃការជប៉ុន នឹងរួមគ្នាកែសម្រួលយន្តផ្នែកច្បាប់មួយចំនួន ក្នុងការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ការកែសម្រួលច្បាប់នេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាតាមអនឡាយផង និងដើម្បីធានាសុវត្ថិភាពរក្សាទិន្នន័យផ្សេងៗ តាមរយៈការកំណត់អត្តសញ្ញាណកម្មត្រឹមត្រូវ បញ្ចៀសអំពើចោរកម្មណាមួយ កើតមានឡើង។
ចំណែកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា សព្វថ្ងៃ សមត្ថកិច្ច មានការលំបាក ក្នុងការអនុវត្តច្បាប់លើយានយន្ត ដែលមិនបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវ។ តាមច្បាប់ អ្នកដែលទិញយានយន្តបន្តពីម្ចាស់ដើម ចាំបាច់ត្រូវទៅកាត់ឈ្មោះ បើមិនដូច្នោះទេ នឹងមានបញ្ហាដល់ខ្លួន ទាំងភាពផ្លូវច្បាប់ និងការផាកពិន័យ៕
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក្នុងបទសម្ភាសន៍ជាមួយ Sabay នាពេលកន្លងមក
ប្រភព៖ Kley Kley
0 comments:
Post a Comment