មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, November 3, 2016

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងបេតុង
កាលពីថ្ងៃទី ២ វិច្ឆិកា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងបេតុងប្រវែង ១,២០០ គ.ម និង ប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៤៣ គ.ម ជានិមិត្តរូប នៅខេត្តត្បូងឃ្មុំ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទនេះគឺជានិមិត្ត​ រូប​តំណាងឲ្យខេត្ត ចំនួន ៩ ទៀត គឺខេត្តកំពង់​ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំ​បង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតា​កែវ ព្រមទាំងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការនូវផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រវែង ៥៤៣ គ.ម តំណាងឲ្យខេត្តចំនួន ៧ ផ្សេងទៀត គឺខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

គម្រោងកែលម្អផ្លូវជនបទជំហានទី១ មានថវិកា​សរុប ៦៨,៦៥ លានដុល្លារអាមេរិក ក្នុងនោះ មានថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ថវិកាកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ថវិកាកម្ចីរបស់មូលនិធិ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ និងជំនួយឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ណ័រឌីក (NDF) សម្រាប់ កែលម្អផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១៩ ខ្សែ មាន ប្រវែងសរុប ៥០៥,៤ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តគោលដៅ៨ គឺ៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់ រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១១-២០១៦ ។
ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងនេះគឺបានរួមចំណែកយ៉ាងខ្លាំងក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ពិសេសបានជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនជនបទ ព្រមទាំងបានរួមចំណែកក្នុងការបង្ខិតគម្លាតរវាងទីក្រុង និងជនបទបានមួយចំណែកទៀត ផងនោះ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តួចផ្តើមសហការជាមួយដៃគូអភិវឌ្ឍន៍នានា បន្តគាំទ្រឲ្យមានគម្រោង កែលម្អផ្លូវជនបទជំហានទី ២ ដោយមានថវិកាសរុប ចំនួន ១៩២,៧១ លានដុល្លារ ដែលក្នុងនោះ មាន ហិរញ្ញប្បទានសរុប ១៤២ លានដុល្លារ និង ហិរញ្ញប្បទានជាជំនួយឥតសំណងចំនួន ៣២,៩២ លានដុល្លារ សម្រាប់អនុវត្តន៍រយៈពេល ៦ ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៥-​២០២០ ដែលក្នុងនោះមានប្រភពមកពី៖
1-បដិភាគរាជរដ្ឋាភិបាលកម្ពុជា ថវិកាចំនួន ១៧,៧៩ លានដុល្លារអាមេរិក
2-ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ថវិកាចំនួន ៥៤ លានដុល្លារអាមេរិក
3-ហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ ថវិកាចំនួន ៤១ លានដុល្លារអាមេរិក
4-ហិរញ្ញប្បទានរបស់សាធារណរដ្ឋបារាំង ថវិកាចំនួន ៤០ លានដុល្លារអាមេរិក
5-ហិរញ្ញប្បទានជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី ១៨,៥២ លានដុល្លារអាមេរិក
6-ហិរញ្ញប្បទានជាជំនួយឥតសំណងរបស់មូលនិធិយុទ្ធសាស្រ្តអាកាសធាតុ ចំនួន ៩ លានដុល្លារ និង ឥណទានចំនួន ៧ លានដុល្លារអាមេរិក
7-ហិរញ្ញប្បទានជាជំនួយឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ណ័រឌីក ថវិកាចំនួន ៥,៤ លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបន្តខិត​ខំយកចិត្តទុកដាក់ដើម្បីកសាងបណ្តាញផ្លូវថ្នល់អោយបានច្រើនថែមទៀត នៅទូទាំងប្រទេស ដើម្បីពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើ​ដំណើរ ក៏ដូចជាការប្រកបរបររកស៊ីទទួលទានផ្សេងៗដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើង៕




















0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More