ដោយបានការអនុញ្ញាតពី ឯកឧត្ដមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប ដែលជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នាព្រឹកថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធាន លេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប
បានចុះធ្វើយុទ្ធនាការស្តីពី "ការអនុវត្តន៍រឹតបន្តឹងការពាក់មួកសុវត្ថិភាព" មានគោលដៅ៣ដូចខាងក្រោម៖
1/ លិចស្ពានព្រះរាជតំណាក់ ។
2/ រង្វង់មូលនាគបាញ់ទឹកផ្សារចាស់ ។
3/ នៅភ្លើងស្តុបអនុវិទ្យាល័យ ហ៊ុន សែន គ្រួស ។
ជាមួយគ្នានេះផងដែរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានមានប្រសាសន៍អប់រំដល់អ្នកជិះម៉ូតូដែល បានទទួលបង្កាន់ដៃផាកពិន័យនោះអំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ឬ សួរសំណួរអំពីច្បាប់ចរាចរណ៍។ ប្រសិនបើគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ គឺបានសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន។
លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យសុវត្ថិភាបចរាចរណ៍ បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិន គោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ មានចំនួនគ្រោះថ្នាក់ចរាចរណ៍ ២.៧៣១ ករណី មានអ្នកស្លាប់ ១.៣៥៧ អ្នក។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៧៦% ជាអ្នកជិះម៉ូតូដែលមានកម្លាំង ១២៥CC ចុះក្រោម។
គួរកត់សម្គាល់ផងដែរថា៖ មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេដូចជា៖ ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ។
យុទ្ធនាការថ្ងៃនេះដែល ក្រុមការងារលេខាធិការដ្ឋានបានប្រើប្រាស់សម្ភារដូចខាងក្រោម៖
១-មួកសុវត្ថិភាព = ១៥០មួក
២-សៀវភៅស្តីពីចរាចរណ៍ផ្លូវគោក = ៣០ក្បាល
៣-សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង = ៩០០ក្បាល
៤-សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ = ៣០០សន្លឹក
៥-សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ = ១៥០សន្លឹក
៦-ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ = ២៥សន្លឹក
៧-ស្ទីកឃ័រចំណាំងផ្លាត ៣០០សន្លឹក ។
Thursday, December 28, 2017
យុទ្ធនាការ "ការអនុវត្តន៍រឹតបន្តឹងការពាក់មួកសុវត្ថិភាព" លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប
បញ្ចាក់៖ យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឱ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។
0 comments:
Post a Comment