គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានថ្នាក់ដឹកនាំតាមក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា អនុម័តជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លើកស្ទូយមុខមាត់ប្រទេស និងជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ ដូច្នេះសូមមកដឹងទាំងអស់គ្នាថា តើកម្ពុជាមានគម្រោងសាងសង់អ្វីខ្លះនៅប៉ុន្មានឆ្នាំខាងមុខនេះ?
១. ផ្លូវដែកពីកម្ពុជាអាចឆ្លងកាត់២៧ប្រទេស
ឆាប់ៗ ខាងមុខនេះកម្ពុជានឹងមានផ្លូវដែកតភ្ជាប់ទៅកាន់ ២៧ប្រទេស ហើយប្រជាពលរដ្ឋខ្មែរនឹងអាចជិះរថភ្លើងទៅកាន់ប្រទេសទាំងនោះទៀតផង។
បច្ចុប្បន្នកម្ពុជាកំពុងដំណើរការគម្រោងថ្មី ដែលហៅថា SKRL(Singapore Kunming Rail Link) គឺនឹងមានផ្លូវដែកចេញពី សិង្ហបុរី មកកម្ពុជា ក្នុងនោះត្រូវឆ្លងកាត់ប្រទេសម៉ាឡេស៊ី ភ្ជាប់ទៅកាន់ប្រទេសថៃ បន្ទាប់មកទៀត នឹងភ្ជាប់មកកាន់កម្ពុជា ហើយបន្តភ្ជាប់ទៅវៀតណាម និងភ្ជាប់ទៅប្រទេសចិន ហើយបច្ចុប្បន្ននេះវៀតណាម បានភ្ជាប់ទៅកាន់ប្រទេសចិនរួចរាល់ហើយ។
ចំពោះគម្រោងតភ្ជាប់ផ្លូវដែកក្នុងតំបន់អាស៊ាននេះ ប្រទេសវៀតណាមត្រូវសាងសង់ ១៣០គីឡូម៉ែត្រទៀត។ ចំណែកកម្ពុជាត្រូវសាងសង់ប្រវែង ២៥៧គីឡូម៉ែត្រ។ ប្រសិនកម្ពុជា និងវៀតណាម
សាងសង់រួចរាល់នោះ រទេះភ្លើងអាចរត់ទៅដល់គុនមីង នៃប្រទេសចិនតែម្ដង។ ឥឡូវនេះនៅសល់តែកម្ពុជា និងវៀតណាមប៉ុណ្ណោះ ប្រសិនបើពីរប្រទេសនេះ ភ្ជាប់គ្នាបាន នោះមានន័យថាផ្លូវដែកអាចរត់បានចំនួន២៧ប្រទេសហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
២. ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ
ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំណាយពេលត្រឹម ២ម៉ោង នឹងចាប់ផ្ដើមដំណើរការសាងសង់នៅចុងឆ្នាំ ២០១៧នេះហើយ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ នឹងត្រូវគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ដោយក្រុមហ៊ុន China Communications Construction Company របស់ប្រទេសចិន។
៣. ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅព្រំដែនឡាវ
ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ព្រំដែនឡាវមានប្រវែង៥២២គីឡូម៉ែត្រដោយគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារ។ សម្រាប់គម្រោងដំណាក់កាលលើកទី១ នឹងចាប់ផ្ដើមនៅដំណាច់ឆ្នាំ២០១៧នេះហើយ។
នេះបើតាមការបញ្ជាក់ពីលោក ថ្លាំង វុទ្ធី អគ្គនាយកក្រុមហ៊ុន Globalcam បានថ្លែង ក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Globalcam និងក្រុមហ៊ុន Mahdi Holdings Investment ជាក្រុមហ៊ុនវិនិយោគលើគម្រោងនេះផ្ទាល់។
៤. ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត
ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវចំណាយថវិកាប្រមាណ ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងពិធីជំនួបទ្វេភាគីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
៥. ផ្លូវរថភ្លើងពីភ្នំពេញទៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ
កម្ពុជានឹងមានរថភ្លើងដឹកអ្នកដំណើរពីស្ថានីយរថភ្លើង ក្នុងរាជធានីភ្នំពេញ ឆ្ពោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅអំឡុងខែមេសា ឆ្នាំ ២០១៨។
រថភ្លើងមួយខ្សែនេះ គឺអាចកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ និងជួយសម្រួលដល់អ្នកត្រូវធ្វើដំណើរ ទៅព្រលានយន្តហោះ កុំឱ្យមានការយឺតយ៉ាវតទៅទៀត។
៦. គម្រោងបង្កើតរថភ្លើងស្វ័យប្រវត្តិលើអាកាសក្នុងរាជធានីភ្នំពេញ
ក្រោយជប៉ុនយល់ព្រមជួយកម្ពុជាសាងសង់រថភ្លើងល្បឿនលឿនលើអាកាសតម្លៃ ៨០០លានដុល្លារ កាលពីខែសីហាកន្លងទៅ តាមប្រភពពត៌មានពីក្រសួងសាធារណការ តាមរយៈឯកឧត្តម ស៊ុន ចាន់ថុល ដែលបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្មីៗនេះ បានបញ្ចេញដំណឹងបន្ថែមថា តាមការគ្រោងទុក កម្ពុជាគួរតែមានប្រព័ន្ធAGT ដែលអាចដំណើរការបានមុនខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។
៧. ចំណតនាវាខ្នាតយក្ស
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានសម្រេចផ្ដល់កម្ចីឥណទានសម្បទានប្រមាណ ២០៩ លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងថ្ងៃដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅទស្សនកិច្ចនៅប្រទេសជប៉ុន។
កំពង់ផែថ្មីនេះ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ។ កំពង់ផែដ៏ធំមួយនេះ នឹងអាចទទួលនាវាខ្នាតយក្ស នៅលើពិភពលោក ចូលចតបានរហូតដល់ទៅ ៩៣ភាគរយ ខណៈកំពង់ផែបច្ចុប្បន្ន ទទួលបានតែ ២០ភាគរយប៉ុណ្ណោះ។
៨. ស្ពានឆ្លងទន្លេសាបថ្មី
សាលារាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិសាស្រ្តខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅកាន់តំបន់ អភិវឌ្ឍជ្រោយចង្វារ មានប្រវែងជិត១គីឡូម៉ែត្រ និងទទឹងស្ពានជាង ១០ ម៉ែត្រ កាត់ទន្លេសាបម្តុំឃ្លាំងសាំងក្រុមហ៊ុនសូគីមិចគីឡូម៉ែត្រលេខ៦។
៩. ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញប្លង់ពង្រាងថ្មីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលអាចនឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៧។
រង្វង់មូលចោមចៅ ចន្លោះផ្លូវជាតិលេខ៤ និងលេខ៣ តែងជួបបញ្ហាកកស្ទះជាប្រចាំ និងធ្វើឱ្យមានការរំខានជាខ្លាំងដល់ការធ្វើដំណើរ។ ដូច្នេះនៅពេលស្ពានអាកាសនិងផ្លូវក្រោមដីនេះ សាងសង់រួចរាល់ ប្រជាពលរដ្ឋនឹងលែងលំបាកទៀតហើយ។
១០. គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនៅរង្វង់មូលនាងគង្ហីង
គម្រោងស្ពានអាកាសថ្មើរជើងថ្មីនេះ ត្រូវបានមន្ទីរសាធារណការសហការជាមួយក្រុមហ៊ុន OCIC ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ស្តុប មិនប៉ះពាល់ចរាចរ និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះប្លង់ស្ពានអាកាសថ្មើរជើងនេះ បានចេញជារូបរាង 3Dហើយ នឹងបង្ហាញខ្លួនជាផ្លូវការនៅខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក ឆាប់ៗខាងមុខនេះ៕
ចុចអាន៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
0 comments:
Post a Comment